This post is also available in: English Thai Indonesian Myanmar
សេចក្តីណែនាំនេះត្រូវបានសរសេរដំបូងដោយ Darika Bamrungchok និងបោះពុម្ពក្នុងខែមេសា ឆ្នាំ 2020 Coconet.social។ កំណែឆ្នាំ 2022 នេះបានកែដោយ Khairil Zhafri អ្នកគ្រប់គ្រងផ្នែកសិទ្ធិឌីជីថល និងបច្ចេកវិទ្យារបស់អង្គការ EngageMedia និង Ashraful Haque អ្នកជំនាញផ្នែកសន្តិសុខឌីជីថល រួមមានការធ្វើបច្ចុប្បន្នភាពទៅលើសេចក្តីណែនាំ និងធនធានស្តីពីអនាម័យឌីជីថលដែលអាចស្វែងរកបាន។ បកប្រែជាភាសាខ្មែរ នៅលើគេហទំព័រWeblateរបស់ សហគមន៍ប្រែសម្រួលភាសាដែលគាំទ្រដោយEngageMedia
រូបភាពដោយ Rebecca Wang សម្រាប់ OpenIDEO Cybersecurity Visuals Challenge ។ រូបភាពពី Wikimedia Commons ដោយប្រើនៅក្រោមអាជ្ញាបណ្ណ Creative Commons Attribution 4.0 International។
អនាម័យឌីជីថលល្អនៅក្នុងកន្លែងធ្វើការ
- ពាក្យសម្ងាត់ខ្លាំងនៅតែសំខាន់។ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងតែជំរុញមិនឲ្យមានមុខងារការប្រើពាក្យសម្ងាត់នាពេលអនាគត ពាក្យសម្ងាត់នឹងមិនបាត់ទៅវិញភ្លាមៗនោះទេ។ ពាក្យសម្ងាត់នៅតែជាជំហានដំបូងដើម្បីចូលប្រើគណនី ដូច្នេះវាមានសារៈសំខាន់ក្នុងការបង្កើតឱ្យមានពាក្យសម្ងាត់ដែលខ្លាំង និងមានសុវត្ថិភាព។
- ដើម្បីបន្ថែមស្រទាប់ការពារមួយទៀត សូមបើកការផ្ទៀងផ្ទាត់ពីរកក្តាសម្រាប់គណនីទាំងអស់ ជាពិសេសសម្រាប់អ៊ីមែល និងបណ្តាញសង្គម។
- ផ្លាស់ប្តូរឈ្មោះ wifi ផ្ទាល់ខ្លួនទៅឈ្មោះអ្វីមួយដែលមិនបង្ហាញឲ្យស្គាល់អត្តសញ្ញាណរបស់យើង។
- ផ្លាស់ប្តូរពាក្យសម្ងាត់នៅលើឧបករណ៍រ៉ោទ័រ wifi ទៅជាពាក្យសម្ងាត់ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកបំបែក ដោយបន្ថែមលេខ និងតួអក្សរពិសេស(សញ្ញា)។
- ផ្លាស់ប្តូរពាក្យសម្ងាត់លំនាំដើមរបស់ឧបករណ៍ឆ្លាតវៃផ្ទាល់ខ្លួន ដែលបានភ្ជាប់ទៅសេវាកម្មអ៊ីនធឺណិតតាមផ្ទះរបស់អ្នក។
- ប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដែលអាចទុកចិត្តបាន ដូចជា KeePassXC ឬ BitWarden ដើម្បីការពារពាក្យសម្ងាត់របស់អ្នកបន្ថែមទៀត។
- រក្សាកម្មវិធីកុំព្យុទ័រ និងកម្មវិធីទូរសព្ទដៃរបស់អ្នកឱ្យមានបច្ចុប្បន្នភាព។ សូមពិនិត្យមើលបច្ចុប្បន្នភាពនៃសុវត្ថិភាព និងបន្ទាន់សម័យវាឱ្យបានទៀងទាត់ ហើយដំឡើងវាឱ្យបានឆាប់នៅពេលដែលកម្មវិធីទាំងអស់នេះមាន។
- ត្រូវប្រាកដថាកម្មវិធីកំចាត់មេរោគ និងជញ្ជាំងភ្លើងត្រូវបានធ្វើបច្ចុប្បន្នភាព។
- ពិនិត្យ និងលុបកម្មវិធីកំព្យុទ័រ និងកម្មវិធីទូរសព្ទដែលមិនប្រើ។
- ផ្ទៀងផ្ទាត់ប្រភពមុនពេលទាញយកកម្មវិធី។
- បម្រុងទុកឯកសាររបស់អ្នក និងធ្វើការបម្រុងទុកឯកសារឲ្យបានទៀងទាត់។ ការបាត់បង់ឯកសារសំខាន់ៗដែលមិនអាចស្រោចស្រង់បានវិញជារៀងរហូតអាចជាសុបិន្តអាក្រក់ ដូច្នេះដើម្បីជៀសវាងការបាត់បង់ទិន្នន័យ និងជៀសវាងពីមេរោគចាប់ជម្រឹត ransomware គឺត្រូវបង្កើតទម្លាប់ធ្វើការបម្រុងឯកសារសំខាន់ៗទុកក្នុងឧបករណ៍ និងដំណើរការដែលមានសុវត្ថិភាព។
- ធ្វើកូដនីយកម្ម(អ៊ិនគ្រីប) ឯកសារបម្រុងទុក ទាំងឯកសារក្នុងម៉ាស៊ីនផ្ទុកទិន្នន័យ (hard drives) និងឯកសារនៅលើសេវាកម្មក្លោដ។
- កម្មវិធីកំព្យុទ័រដូចជា Cryptomator អាចធ្វើកូដនីយកម្មឯកសារមុនពេលរក្សាទុកពួកវានៅក្នុងក្លោដ។
- អ្នកក៏អាចប្រើកម្មវិធី VeraCrypt ដើម្បីបង្កើតកន្លែងផ្ទុកទិន្នន័យដែលបានធ្វើកូដនីយកម្មប្រភេទផ្សេងៗគ្នានៅលើកុំព្យូទ័ររបស់អ្នក។
រូបភាពដោយ Rebecca Wang សម្រាប់ការប្រកួតប្រជែងរូបភាពសុវត្ថិភាពតាមអ៊ីនធឺណិត OpenIDEO។ រូបភាពដែលមានអាជ្ញាប័ណ្ណក្រោមអាជ្ញាប័ណ្ណអន្តរជាតិ Creative Commons Attribution 4.0។
- ការធ្វើឲ្យមានសុវត្ថិភាពការភ្ជាប់វិបសាយររបស់អ្នកជាមួយនឹងកម្មវិធីរុករកតាមអ៊ីនធឺណិត និងបណ្តាញឯកជននិម្មិត (VPN)។
- សម្រាប់កម្មវិធីរុករកតាមអ៊ីនធឺណិត យើងសូមណែនាំឲ្យប្រើប្រាស់កម្មវិធី Brave, Firefox និង Chromium។ ផ្លាស់ប្តូរកម្មវិធីស្វែងរកលំនាំដើម(default search engine) ទៅគេហទំព័រដែលការពារឯកជនភាពដូចជា DuckDuckGo ហើយសំអាត cache និងប្រវត្តិប្រើប្រាស់អ៊ឺធឺណិតរបស់អ្នកជាប្រចាំ។
- ដំឡើងកម្មវិធីបន្ថែមរបស់កម្មវិធីរុករកតាមអ៊ីនធឺណិតដូចជា Privacy Badger, NoScript និង uBlock Origin ដើម្បីជួយធ្វើឱ្យការរុករកតាមអ៊ីនធឺណិតមានសុវត្ថិភាពជាងមុន។
- សូមចំណាំថា កម្មវិធីបន្ថែមមួយចំនួនអាចមានហានិភ័យដល់ផ្នែកសន្តិសុខដែរ។ ពិនិត្យ និងលុបកម្មវិធីបន្ថែមរបស់កម្មវិធីរុករកតាមអ៊ីនធឺណិតណាមួយ ដែលអ្នកមិនសូវប្រើជាប្រចាំ។
- ការពារការភ្ជាប់ទៅកាន់អ៊ីនធឺណិតរបស់អ្នកដោយប្រើ VPNs។ គិតថា VPNs គឺជា “ផ្លូវរូងក្រោមដីឯកជន” ដែលភ្ជាប់តែអ្នកម្នាក់គត់ទៅម៉ាស៊ីនមេ VPN ដែលមានសុវត្ថិភាព។
- ប្រើសេវាកម្ម VPN ពីអ្នកផ្តល់សេវាដែលផ្តោតលើសុវត្ថិភាព ដែលអាចទុកចិត្តបាន។ ប្រសិនបើអ្នកចង់សាកល្បងប្រើដោយឥតគិតថ្លៃ យើងសូមណែនាំឱ្យប្រើ RiseUp VPN, Proton VPN, Psiphon ឬ DRAPAC VPN Project។
- ត្រូវដឹងអំពីការវាយប្រហារដោយការក្លែងបន្លំ។ ការចុចខុសតែមួយដងនៅលើតំណភ្ជាប់ក្លែងក្លាយ ឬសារដ៏គួរឱ្យសង្ស័យអាចបណ្តាលឱ្យគណនីរងការខូច ការលួចពត៌មានផ្ទាល់ និងធ្វើឲ្យប្រព័ន្ធកុំព្យូទ័រឆ្លងមេរោគ ដូច្នេះហើយចូរមានការប្រុងប្រយ័ត្នបន្ថែម!
- សូមកុំចុចលើតំណភ្ជាប់ដែលមានការសង្ស័យពីប្រភពដែលមិនស្គាល់។ បើសិនជាអ្នកមិនច្បាស់ទេ សូមប្រើប្រាស់វិបសាយ VirusTotal ដើម្បីពិនិត្យមើលតំណភ្ជាប់នោះជាមុនសិន មុនពេលដែលអ្នកចុច។
- សិក្សាស្វែងយល់អំពីរបៀបសម្គាល់ប្រភេទនៃការក្លែងបន្លំទូទៅ និងវិធីការពារខ្លួនឯងតាមរយៈការអានឯកសារនានា ដូចជាការណែនាំស្តីពីការការពារខ្លួនឯងពីការឃ្លាំតាមមើលនិងអត្ថបទរបស់ EngageMedia នេះ។
- ស្វែងយល់អំពីការកូដនីយកម្មសងខាង (end-to-end encryption) ដើម្បីបញ្ចូលស្រទាប់សុវត្ថិភាពបន្ថែមទៅដល់ការទំនាក់ទំនងតាមអនឡាញរបស់អ្នក។ នៅពេលដែលអ្នកមិនបានធ្វើកូដនីយកម្មសកម្មភាពនៅលើអ៊ីនធឺណិតរបស់អ្នក នោះអាចមាននរណាម្នាក់មានកម្មវិធី ឬចេះពីរបៀបលួចចូលមើលការសកម្មភាពប្រើប្រាស់របស់អ្នកនៅលើអ៊ីនធឺណិត។ ចូរគិតស្រមៃមើលអំពីការផ្ញើសំបុត្រទៅកាន់នរណាម្នាក់ដោយប្រើបណ្ណប្រៃសណីយ៍។ នរណាក៏ដោយដែលកាន់បណ្ណប្រៃសណីយ៍របស់អ្នក ក៏អាចអានសំបុត្ររបស់អ្នកបានដែរ។ ការធ្វើកូដនីយកម្មសងខាង គឺដូចជាការផ្ញើសំបុត្រដោយដាក់នៅក្នុងស្រោមសំបុត្រ៖ ទោះបីជាអ្នកផ្សេងទៀតឃើញថា អ្នកកំពុងផ្ញើសំបុត្រក៏ដោយ ក៏ពួកគេមិនអាចមើលឃើញថា មានអ្វីនៅក្នុងសំបុត្រដែរ។
- ធ្វើកូដនីយកម្ម(អ៊ិនគ្រីប) អ៊ីមែលរបស់អ្នកដោយប្រើប្រាស់ OpenPGP។ កម្មវិធីបន្ថែមរបស់កម្មវិធីរុករកតាមអ៊ីនធឺណិតដូចជា Mailvelope និងសេវាអ៊ីមែលមដូចជា ProtonMail, Tutanota, Mailbox.org និង RiseUP ធ្វើឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ PGPសម្រាប់ធ្វើកូដនីយកម្មអ៊ីមែល។
- ប្រើកម្មវិធីផ្ញើសារកូដបើកចំហ ដែលមានកូដនីយកម្មសងខាងមកជាមួយស្រាប់ ដូចជា Signal, Wire និង Session។
- ត្រូវប្រាកដថាកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់អ្នកភ្ជាប់ជាមួយនឹងបណ្តាញដែលសុវត្ថិភាពជានិច្ច ដោយការបើក HTTPS-only mode។ កម្មវិធីរុករកតាមអ៊ីនធឺណិតថ្មីៗភាគច្រើន នឹងរំលឹកអ្នកនៅពេលដែលអ្នកចូលទៅបើកគេហទំព័រដោយមិនប្រើ HTTPS បានពេញលេញ។
- ការពារឯកជនភាពរបស់អ្នកតាមអនឡាញ ដោយអនុវត្តតាមគន្លឹះទាំងនេះ៖
- ដាក់កំណត់ដានជើងឌីជីថលរបស់អ្នក ដោយកំណត់នូវកម្រិតព័ត៌មានដែលអ្នកចែករំលែកនៅលើបណ្តាញសង្គម។ ជៀសវាងការចែករំលែករូបថតផ្ទាល់ខ្លួន ដាក់ស្លាកទីតាំងរបស់អ្នក និងភ្ជាប់លេខទូរសព្ទរបស់អ្នកទៅកាន់គណនីអនឡាញរបស់អ្នក។
- ពិនិត្យការកំណត់ឯកជនភាពលើគេហទំព័របណ្តាញសង្គមដែលពេញនិយម ដូចជា Google, Facebook, Twitter និង LinkedIn។ ធ្វើឱ្យគណនីរបស់អ្នកមានលក្ខណៈឯកជន និងកំណត់លទ្ធភាពនៃការមើលឃើញពីការបង្ហោះរបស់អ្នកចំពោះក្រុមមិត្តភក្តិជិតស្និត និងសមាជិកគ្រួសារដែលបានជ្រើសរើស។
- បិទការតាមដានលេខសម្គាល់នៅលើឧបករណ៍ចល័តរបស់អ្នក ដើម្បីធ្វើឱ្យអ្នកផ្សាយពាណិជ្ជកម្ម និងក្រុមហ៊ុនឈ្មួញទិញដូរទិន្នន័យពិបាកតាមដានសកម្មភាព និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅលើអ៊ីនធឺណិត។ សូមកុំភ្លេចបិទការតាមដានពីសេវាកម្មផ្សេងក្រៅពីFacebook។
- ប្រើអាសយដ្ឋានអ៊ីមែលដែលអាចលុបចោលបាននៅពេលចុះឈ្មោះគណនីអ្នកប្រើប្រាស់ ឬការចុះឈ្មោះទៅក្នុងបញ្ជីអ៊ីមែល។ Firefox Relay បង្កើតដោយ Mozilla និង SimpleLogin បង្កើតដោយ Proton ផ្តល់សេវាប្តូរទិសដៅអ៊ីមែលដោយឥតគិតថ្លៃ ដែលអាចបិទបាំងអាសយដ្ឋានអ៊ីមែលផ្ទាល់ខ្លួនរបស់អ្នកបាន។
- ប្រើកម្មវិធីប្លុកការផ្សារពាណិជ្ជកម្មដូចជា Adblock Plus និង Disconnect ដើម្បីកាត់បន្ថយចំនួននៃការផ្សាយពាណិជ្ជកម្មដែលអ្នកឃើញ និងកំណត់ការតាមដាន់របស់អ្នកទីផ្សារដែលតាមដានអ្នកតាមអនឡាញ។
- អនាម័យឌីជីថលរួមមានការកំណត់ការប្រើប្រាស់ឧបករណ៍ឌីជីថលរបស់អ្នកដែរ។ តើអ្នកមានចាំពីការដកខ្សែភ្លើងសាកថ្មឧបករណ៍របស់អ្នកនៅលើកចុងក្រោយឬទេ? ចូរពិចារណាទៅលើ “ការកាត់បន្ថយការប្រើប្រាស់ឌីជីថល” ដើម្បីកំណត់ពេលវេលាប្រើប្រាស់ឧបករណ៍ឌីជីថលរបស់អ្នក និងជួយធ្វើឲ្យសុខភាពប្រសើរឡើង និងសុខុមាលភាពទូទៅរបស់អ្នកក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល។ ស្វែងយល់អំពីហេតុផលល្អៗជាច្រើនដែលអ្នកប្រហែលជាចង់ផ្អាកការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទាំងអស់ ហើយពិចារណាទៅលើការស្វែងរកពេលវេលាសម្រាប់ការគិតឡើងវិញនូវរបៀបការប្រើប្រាស់សេវាកម្មឌីជីថលទាំងនោះ។
ធ្វើការងារប្រកបដោយសុវត្ថិភាពជាមួយអ្នកផ្សេងទៀតតាមអនឡាញ
រូបភាពដោយ Abraham Pena សម្រាប់ការប្រកួតប្រជែងរូបភាពសុវត្ថិភាពតាមអ៊ីនធឺណិត OpenIDEO។ រូបភាពដែលមានអាជ្ញាប័ណ្ណក្រោមអាជ្ញាប័ណ្ណអន្តរជាតិCreative Commons Attribution 4.0។
- ជម្រើសចំពោះ Google Docs សម្រាប់ការសហការគ្នាធ្វើការនៅលើឯកសារជាមួយអ្នកផ្សេងទៀត។
- កម្មវិធី CryptPad គឺជាជម្រើសមួយផ្សេងទៀតនៃកម្មវិធីកូដបើកចំហសម្រាប់ធ្វើការសហការគ្នានៅលើឯកសារ។ ដែនកំណត់ទំហំផ្ទុកសម្រាប់អ្នកប្រើដែលបានចុះឈ្មោះទាំងអស់មានទំហំចំនួន 1GB ។ ការចុះឈ្មោះ គឺមិនគិតថ្លៃ ហើយមិនចាំបាច់តម្រូវឲ្យផ្តល់នូវទិន្នន័យផ្ទាល់ខ្លួននោះទេ។ កម្មវិធី Pad ដែលគ្មានឯកសារចុះឈ្មោះនឹងត្រូវលុបចេញ បន្ទាប់ពីមិនមានសកម្មរយៈពេលបីខែ។
- សេវាកម្ម Riseup Pad អនុញ្ញាតឱ្យមានការសហការគ្នាក្នុងការកែសម្រួលកំណត់ត្រាតាមអនឡាញ ដោយប្រើ Etherpad។ សេវាកម្ម Riseup មិនបានរក្សាទុកអាសយដ្ឋាន IP នោះទេ។ Pads នឹងត្រូវបានបំផ្លាញចោលបន្ទាប់ពីមិនដំណើរការក្នុងរយៈពេល 60 ថ្ងៃ។
- ជម្រើសចំពោះកម្មវិធីផ្ញើសារដូចជាកម្មវិធី WhatsApp, Line និង Viber
- Signal គឺជាកម្មវិធីជជែកដោយឥតគិតថ្លៃ ដែលមានកូដនីយកម្មសងខាង។ វិធីការកូដបើកចំហរសុវត្ថិភាព Signal របស់វា រក្សាការសន្ទនារបស់អ្នកឱ្យមានសុវត្ថិភាព។ វាក៏មានជម្រើសក្នុងការធ្វើការរំលាយសារដោយស្វ័យប្រវត្តិសម្រាប់ការសន្ទនាដែលរសើបផងដែរ។
- កម្មវិធី Wire ផ្តល់ការជជែកមួយទល់មួយ ឬជាក្រុម ការទំនាក់ទំនងជាសំឡេង និងការចែករំលែកឯកសារដោយមានកូដនីយកម្មសងខាង។ អ្នកអាចចុះឈ្មោះដោយប្រើអ៊ីមែល ឬលេខទូរស័ព្ទ។
- កម្មវិធី Rocket.Chat ក៏ជាកម្មវិធីជជែកដែលមានកូដបើកចំហ ដោយមានកូដនីយកម្មសងខាង។
- ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីទូរសព្ទទាំងនេះ សូមពិនិត្យមើលការប្រៀបធៀបនៃកម្មវិធីផ្ញើសារដែលមានសុវត្ថិភាពទាំងនេះ។
- កម្មវិធី Jitsi Meet គឺជាកម្មវិធីកូដបើកចំហងាយស្រួលប្រើប្រាស់ដែលមិនតម្រូវឱ្យមានការចុះឈ្មោះរបស់អ្នកប្រើប្រាស់។ អ្នកអាចប្រើប្រាស់ meet.jit.si ដើម្បីរៀបចំការប្រជុំតាមអនឡាញរបស់អ្នកដោយឥតគិតថ្លៃ ឬដាក់ឱ្យប្រើកម្មវិធី Jitsi Meet នៅលើម៉ាស៊ីនមេរបស់អ្នក។ កម្មវិធីបន្ថែមរបស់ Jitsi Meet ដោយឥតគិតថ្លៃផ្សេងទៀតដែលគួរទុកចិត្តបាន មានដូចជា Greenhost, Framatalk និង Disroot។
- កម្មវិធី BigBlueButton គឺជាកម្មវិធីទំនាក់ទំនងតាមវីដេអូដែលមានកូដបើកចំហ និងមានមុខងារស្រដៀងទៅនឹងកម្មវិធី Google Meet, Microsoft Teams និងកម្មវិធីផ្សេងទៀត។ អ្នកអាចបង្កើតបន្ទប់ប្រជុំដាច់ដោយឡែក ប្រើក្តារខៀន(អនឡាញ) បើកមុខងារបង្ហាញចំណងជើង ធ្វើការបោះឆ្នោត ចែកចាយកំណត់ត្រា និងប្រើប្រាស់មុខងារពិសេសផ្សេងទៀតដែលដំណើរការបានយ៉ាងល្អសម្រាប់ការបណ្តុះបណ្តាល និងការសិក្សាតាមអ៊ីនធឺណិត។ អ្នកអាចដំណើរការកម្មវិធីនេះបានពីម៉ាស៊ីនមេផ្ទាល់ខ្លួនរបស់អ្នក ឬចុះឈ្មោះជាប្រើមួយនឹង BigBlueButton ដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន NoLog.cz, CommunityBridge, meet.coop និងក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មផ្សេងៗទៀត។
- កម្មវិធី Talky មានជម្រើសកូដនីយកម្មដោយឥតគិតថ្លៃ។ កម្មវិធីនេះអនុញ្ញាតសម្រាប់ការជជែកជាវីដេអូធម្មតា និងការចែករំលែកអេក្រង់សម្រាប់ក្រុមរហូតដល់ 6 នាក់។
- កម្មវិធី Wire ក៏ផ្តល់នូវការប្រជុំវីដេអូអនឡាញប្រកបដោយសុវត្ថិភាពផងដែរ ប៉ុន្តែសម្រាប់តែកញ្ចប់អ្នកដែលបង់ប្រាក់តែប៉ុណ្ណោះ។ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់សាកល្បងកម្មវិធី Wire អាចប្រើសាកល្បងរយៈពេល 30 ថ្ងៃដោយឥតគិតថ្លៃ។
- កម្មវិធី Mumble គឺជាកម្មវិធីល្អមួយដែរ ប្រសិនបើអ្នកត្រូវការប្រើតែសំឡេងសម្រាប់ការប្រជុំតាមអនឡាញរបស់អ្នក។ វាជាជាកម្មវិធីដែលប្រើប្រាស់កូដបើកចំហ ឥតគិតថ្លៃ និងដំណើរការនៅលើល្បឿនអ៊ីនធឺណិតដែលមានកម្រិត។
- មិនថាសេវាកម្មការប្រជុំអនឡាញអ្វីក៏ដោយដែលអ្នកប្រើ សូមចងចាំជានិច្ចអំពីបរិយាកាសការងារ និងផ្ទៃខាងក្រោយរបស់អ្នក។ ផ្ទៃខាងក្រោយដែលមិនបង្ហាញរបស់របរនានាគឺល្អបំផុត ដើម្បីជៀសវាងដល់ការបង្ហាញលក្ខណៈឯកជន ឬរបស់របរផ្ទាល់ខ្លួន ដែលអាចកំណត់អត្តសញ្ញាណរបស់អ្នក។ សូមពិចារណាលើការគ្របកាមេរ៉ារបស់អ្នកនៅពេលមិនប្រើ។
- ជម្រើសចំពោះសេវាកម្មចែកចាយឯកសារដែលរកប្រាក់ចំណេញ
- Share.riseup.net គឺជាសេវាចែករំលែកឯកសារមួយ ដែលបង្ហោះដោយវិបសាយ Riseup ដែលមានការរក្សាទុកឯកសារលើអនឡាញទុកក្នុងរយៈពេលមួយសប្តាហ៍មុនពេលលុបវាចេញ។
- OnionShare.org អនុញ្ញាតឱ្យអ្នកចែករំលែកឯកសារក្នុងទំហំណាមួយដោយមិនបង្ហាញអត្តសញ្ញាណរបស់អ្នក(អនាមិក) និងមានសុវត្ថិភាពដោយសារតែវាប្រើ Tor Network។
- កម្មវិធី Lufi ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Disroot ធ្វើកូដនីយកម្ម និងដាក់ឯកសារសម្រាប់ការចែករំលែកតាមអនឡាញរបស់អ្នករហូតដល់ 30 ថ្ងៃ។
ឧបករណ៍របស់អ្នក ជម្រើសរបស់អ្នក
ការភ្ជាប់ទៅកាន់អ៊ីនធឺណិត គឺជាសកម្មភាពដែលតែងតែមានហានិភ័យជានិច្ច។ នៅលើអ៊ីនធឺណិត អ្នកទទួលរងនូវការតាមដាន ហើយទិន្នន័យរបស់អ្នកនឹងគ្មានសុវត្ថិភាពទាំងស្រុងនោះទេ។ ទោះបីជាគ្មានវិធីដែលមិនចេះថ្លោះឆ្លោយ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិតនាពេលបច្ចុប្បន្ននេះក៏ដោយ យើងមិនគួរទុកចិត្តថា សុវត្ថិភាពឌីជីថលផ្តល់នូវសុវត្ថិភាពទាំងស្រុងដល់ឧបករណ៍របស់យើងទេ។
នៅពេលជ្រើសរើសកម្មវិធីដើម្បីដាក់បញ្ចូលទៅក្នុងកន្លែងធ្វើការអនឡាញរបស់អ្នក វិធានដ៏ល្អមួយគឺត្រូវពិនិត្យមើលគោលការណ៍ស្តីពីឯកជនភាពរបស់សេវាកម្មរបស់កម្មវិធីនោះ និងពិនិត្យមើលដោយប្រុងប្រយ័ត្ននូវប្រភេទនៃកូដនីយកម្មដែលកំពុងប្រើ។ ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកអភិវឌ្ឍន៍កម្មវិធីជាច្រើនចង់បង្ហាញសមត្ថភាពនៃការធ្វើកូដនីយកម្មរបស់របស់កម្មវិធីពួកគេ ប៉ុន្តែមិនមែនរាល់ប្រភេទនៃកូដនីយកម្មទាំងអស់ត្រូវបានបង្កើតឡើងស្មើៗគ្នានោះទេ ហើយកម្មវិធីកំព្យុទ័រជាច្រើនដែលយើងធ្លាប់ប្រើមិនត្រូវបានធ្វើកូដនីយកម្មសងខាងនោះទេ។ ឧទាហរណ៍ ដូចជាកម្មវិធី Zoom ដែលជាកម្មវិធីវិដេអូប្រជុំអនឡាញដ៏ពេញនិយម មិនត្រូវបានធ្វើកូដនីយកម្មសងខាងនោះទេ មានន័យថាអ្នកដែលមានឧបករណ៍ និងមានជំនាញ អាចធ្វើចារកម្មលើការប្រជុំរបស់អ្នកបាន។
ចុងក្រោយ សន្តិសុខឌីជីថល វាគ្រាន់តែជាគោលគំនិតតែប៉ុណ្ណោះ។ អ្វីដែលអ្នកប្រើ គឺពឹងផ្អែកលើតម្រូវការនិងរបៀបរស់នៅរបស់អ្នក។ អ្នកមានអំណាចក្នុងការកំណត់ព្រំដែនរបស់អ្នក ហើយជ្រើសរើសកម្មវិធីណាមួយដែលអ្នកចង់ប្រើ។
ប្រសិនបើអ្នករកឃើញមានកម្មវិធីជាច្រើនផ្សេងទៀតដែលដំណើរការល្អសម្រាប់អ្នក សូមជួយប្រាប់យើងខ្ញុំផង! យើងនឹងធ្វើបច្ចុប្បន្នភាពមាតិកានេះជាមួយនឹងអនុសាសន៍ និងបន្ទាន់សម័យផ្នែកសុវត្ថិភាពថ្មីៗនៅពេលដែលមាន។ កាលណាយើងរួមគ្នាអនុវត្តអនាម័យឌីជីថលល្អបានកាន់តែច្រើន នោះយើងទាំងអស់គ្នានឹងកាន់តែមានសុវត្ថិភាព។
រូបភាពពី 200 ដឺក្រេ មានអាជ្ញាប័ណ្ណក្រោមអាជ្ញាប័ណ្ណ Pixabay ។